ភ្នំពេញ÷លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ថា តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើបសួរ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់សមត្ថកិច្ចដែលពាក់ពន្ធ័ទាំង ៣២ នាក់រួមនឹងអ្នកទទួលផល ០៤ នាក់ ពីបទ ផ្តើមគំនិត សមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភស្តុតាង និង បទទទួលផលចោរកម្ម តាមបញ្ញាត្តិមាត្រា ២៨ មាត្រា២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៩៩ មាត្រា ៤០០ និងមាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌ។ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសជាសាធារណៈ ពីការចាប់ខ្លួនសមត្ថកិច្ចចំនួន៣២នាក់ ពាក់ព័ន្ធករណីចូលយកសម្ភារៈក្នុងទីតាំងបិតសៀលនៅក្នុងកាស៊ីណូព្រែកចាក ដែលបានបង្ក្រាបនាពេលកន្លងមកជាប់ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ។
ករណីនេះ លោកស្នងការខេត្តកំពតបានបង្ហោះសារជាបន្តបន្ទាប់ថា ច្បាប់មិនបានបែងចែកថាជាកងកំលាំងឬជាប្រជាពលរដ្ឋត្រូវអនុវត្តច្បាប់ខុសៗពីគ្នានោះទេ ច្បាប់ត្រូវអនុវត្តដោយតម្លាភាពនិងស្មើរភាពគ្នា ចំពោះសមត្ថកិច្ចដែលបានធ្វើខុស ។ ចំពោះការពាក់ពន្ធ័ចូលយកសម្ភារៈក្នុងទីតាំងបិតសៀលនៅក្នុងកាស៊ីណូព្រែកចាករបស់សមត្ថកិច្ចដែលបានប្រចាំការនៅទីនោះកន្លងមក សំណុំរឿងបានផ្ទេរទៅតុលាការរាជធានីភ្នំពេញរួចហើយ។ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់លើបណ្តាញសង្គមថា៖«មេណាធ្វើ មេណាអ្នកពាក់ពន្ធ័ត្រូវតែប្រឈមមុខចំពោះផ្លូវច្បាប់ទាំងអស់រួមទាំងរូបខ្ញុំផងដែរប្រសិនបើខ្ញុំមានការពាក់ពន្ធ័ក្នុងករណីខាងលើនេះ។ សាច់ស្អុយត្រូវតែកាត់ចេញ ជៀសវាងកុំអោយថ្ងៃក្រោយក្លាយជាជំងឺមហារីក ...អ្នកណាធ្វើ អ្នកនោះត្រូវតែទទួល»៕


No comments:
Post a Comment